កម្ពុជាបន្តរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩អូមីក្រុង៤នាក់បន្ថែមទៀត
រកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួន៤នាក់ទៀត កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ តាមរយៈការធ្វើតេស្តសំណាកដោយម៉ាស៊ីនPCR ដែលសុទ្ធសឹងតែជាអ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួនអូមីក្រុង និងជាអ្នកឆ្លងក្នុងសហគមន៍ទាំងអស់។ ជាមួយគ្នា ពុំមានអ្នកជំងឺកូវីដ-១៩ជាសះស្បើយថ្មី និងអ្នកជំងឺស្លាប់ថ្មីបន្ថែមឡើយ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី២០វិច្ឆិកានេះ។
គួរបញ្ជាក់ថា គិតរហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ សរុបកើនដល់១៣៨,០២៨នាក់ ក្នុងនោះរួមមាន អ្នកដំណើរមកពីក្រៅប្រទេសសរុបចំនួន២១,២៣៥នាក់ និងអ្នកឆ្លងវីរុសកូវីដ-១៩អូមីក្រុងក្នុងសហគមន៍សរុបចំនួន១៦,២០៩នាក់។ ដោយឡែក អ្នកជំងឺដែលជាសះស្បើយសរុបមានចំនួន១៣៤,៩៤០នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបមានចំនួន៣,០៥៦នាក់៕