ដើមឈើគ្រញូង៤ដើម នៅខេត្តសៀមរាប​ ដែលមានអាយុកាលប្រមាណ៥០ឆ្នាំ​ ត្រូវបានគេលួចកាប់

សៀមរាប៖ នាពេលថ្មីៗកន្លងមកនេះ មានជនខិលខូចមិនស្គាល់អត្តសញ្ញាណ​ បានចូលលួចកាប់ដើមឈើពូជប្រភេទគ្រញូងចំនួន ៤ដើម ដែលមានអាយុកាលប្រមាណ​ ៥០ឆ្នាំមកហើយ។ នេះបេីយោងតាមការឱ្យដឹងពី​ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្តសៀមរាប​ នៅថ្ងៃទី១៧​ ខែមិថុនា​ ឆ្នាំ២០២២។

មន្ទីរកសិកម្ម បានចាត់ទុកការកាប់ដើមគ្រញូងនេះ​ ជាបទល្មើសឧក្រិដ្ឋបង្កការបាត់បង់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋដ៏មានតម្លៃ នៅក្នុងចម្ការពូជឈើគ្រញូងដែលមានទំហំ ១.៨៨០ហិកតា ស្ថិតនៅភូមិសាស្ត្រ ឃុំកន្ទួត ស្រុកស្វាយលើ និងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

តំបន់នេះ​ ត្រូវបានគ្រប់គ្រង​ និងអភិវឌ្ឍតាំងពីឆ្នាំ២០០១ ក្នុងគោលបំណងថែរក្សាជីវចម្រុះ អភិរក្សធនធានសេនេទិចព្រៃឈើ តំបន់លំហែកម្សាន្ត​ និងសម្រាប់ស្រាវជ្រាវវិទ្យា សាស្ត្រ។ តំបន់នេះមានសក្តានុពលធនធានព្រៃឈើដ៏មានតម្លៃ ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បាន ចេញប្រកាសលេខ៦០២ ប្រក.កសកទទួលស្គាល់ ជាតំបន់ស្តារ​ និងអភិវឌ្ឍន៍ព្រៃឈើ ចុះថ្ងៃទី២៣ ខែកញ្ញា​ ឆ្នាំ២០១៦។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពាវនាវដ៏ទទូចចំពោះសាធារណៈជនដែលបានស្គាល់ ដឹង ដំណឹងពាក់ព័ន្ធនិងជនល្មើស​ ហើយបានរាយការណ៍ និងផ្តល់ព័ត៌មានដល់សមត្ថកិច្ច​ រហូតឈានទៅចាប់ជនល្មើសបាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្តសៀមរាប នឹជូនរង្វាន់ជាប្រាក់ចំនួន ១.០០០ដុល្លារ​ ហើយព័ត៌មានត្រូវបានរក្សាជាការសម្ងាត់ជូនមិនឱ្យមានបញ្ហាដល់អ្នកផ្តល់ព័ត៌មានខាងលើនេះ ឡើយ។ ចំពោះលេខទូរស័ព្ទ ០៩២ ២២.៥៥ ៥៥ និង ០៩៧ ៦៦ ៦៦ ៨៤៤៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds